នៅពេលដែលសាឡង់ Sewol កំពុងលិច សំឡេងសើចអមដោយអារម្មណ៍ភ័យខ្លាចរបស់ជនរងគ្រោះជាសិស្សវិទ្យាល័យជាច្រើននាក់ត្រូវបានគេស្ដាប់ឮក្នុងវីដេអូឃ្លីបមួយដែលថតដោយទូរសព្ទជនរងគ្រោះម្នាក់ ខណៈអ្នកដទៃទៀតនិយាយពីរឿងថតរូបខ្លួនឯង ហើយថា តើពួកគេនឹងមានមុខនៅក្នុងសារព័ត៌មានឬយ៉ាងណា។
តែក្រោយមក ក្នុងបន្ទប់ដែលពួកគេស្នាក់នៅស្រាប់តែផ្អៀងចុះបន្តិចម្តងៗ រហូតមានអ្នកខ្លះវិលមុខ និងញ័រជើងភ័យតក្កមា។ សិស្សម្នាក់ត្រូវបានគេមើលឃើញដើរយកដៃទប់នឹងជញ្ជាំងដើម្បីរក្សាលំនឹង។

គ្រួសារជនរងគ្រោះចូលរួមគោរពវិញ្ញាណក្ខន្ធ
“ខ្ញុំជិតស្លាប់ហើយមែនទេ?” នេះគឺជាសំណួររបស់សិស្សម្នាក់នៅម៉ោង 8:53 នាទីម៉ោងក្នុងស្រុក។ សិស្សផ្សេងទៀតក៏បានសួរដូចគ្នាថា តើសាឡង់របស់ពួកគេជិះនឹងលិចមែនទេ ហើយចុះឯណាគ្រូរបស់ពួកគេ ចុះអ្នកបញ្ជានាវាកំពុងធ្វើអ្វី?
អ្នកខ្លះទៀតស្រែកថា ”ខ្ញុំខ្លាចណាស់” ខណៈអ្នកឯទៀតនៅនិយាយលេងចេញថា ”ពួកយើងនឹងដូចកប៉ាល់ Titanic មែនទេ?”។ សំឡេងមួយទៀតនិយាយថា “យើងចប់ហើយ។ ខ្ញុំចង់និយាយពាក្យប៉ុន្មានម៉ាត់លាគ្នាជាចុងក្រោយ។ ម៉ាក់កូនស្រឡាញ់ម៉ាក់”។
ម្ដងជាពីរដងសំឡេងព្រមានពីឧបករណ៍បំពងសំឡេងបានបន្លឺឡើងបញ្ជាឲ្យពួកគេនៅមួយកន្លែង បើទោះជានាវាកាន់តែលិច ហើយលទ្ធភាពនៃការគេចចេញក៏កាន់តែអស់ទៅហើយ។
វីដេអូដ៏រញីរញ័រនេះត្រូវបានថតដោយទូរសព្ទដៃរបស់យុវជនវ័យ ១៧ឆ្នាំ Park Su-hyeon នៅពេលដែលក្រុមជួយសង្គ្រោះទាញយកសាកសពរបស់គេបានចេញពីសាឡង់ដែលលិច។ ក្រោយមកឪពុករបស់ជនរងគ្រោះរូបនេះ បានផ្ដល់វីដេអូនេះដល់សារព័ត៌មាន Associated Press ដោយនិយាយថា លោកចង់បង្ហាញពិភពលោកពីទិដ្ឋភាពពេលសាឡង់លិចយ៉ាងម៉េច។ មុននេះ លោក Park Jong-dae ឪពុកជនរងគ្រោះក៏បានផ្ដល់វីដេអូនេះដល់សារព័ត៌មានកូរ៉េខាងត្បូងមួយចំនួនរួចហើយដែរ។
0 comments:
Post a Comment